We go ណែនាំអ្នករត់ម៉ូតូកង់បីខ្មែរគួរប្ដូរមកប្រើប្រាស់...

We go ណែនាំអ្នករត់ម៉ូតូកង់បីខ្មែរគួរប្ដូរមកប្រើប្រាស់ App ទូរស័ព្ទដៃវិញ ដើម្បីបង្កើនចំណូលក្នុងអាជីពដឹកអ្នកដំណើរ

(ភ្នំពេញ)៖ ក្រុមហ៊ុនបម្រើសេវាកម្មកក់សេវាធ្វើដំណើរ We Go បានបង្ហាញពីការប្រែប្រួលនូវចំណង់ចំណូលចិត្តរបស់អ្នកដំណើរ ក្នុងការជ្រើសរើសសេវាកម្មដឹកជញ្ជូនដែលងាយស្រួលសម្រាប់ពួកគេ នាពេលបច្ចុប្បន្ន ដោយបានផ្លាស់ប្ដូរមកប្រើប្រាស់សេវាម៉ូតូកង់បីឥណ្ឌា តាមរយៈការកក់សេវាធ្វើដំណើរនៅលើ App ទូរស័ព្ទដៃ។

ប្រការនេះបានបង្កឱ្យអ្នករត់រ៉ឺម៉កកង់បីខ្មែរ ជួបនូវការថមថយចំណូលក្នុងអាជីពនេះ ក៏ព្រោះតែមានភាពលំបាកជាងបើប្រៀបធៀបជាមួយកង់បីឥណ្ឌា។ ហេតុដូច្នេះហើយទើបមានការណែនាំពីសំណាក់ក្រុមហ៊ុន We Go ទៅកាន់អ្នករត់រ៉ឺម៉កកង់បីខ្មែរ គប្បីចាប់យកឱកាសប្ដូរមកប្រើប្រាស់សេវា App នៅលើទូរស័ព្ទដៃទំនើបវិញ ដើម្បីរក្សា ឬបង្កើនចំណូលក្នុងអាជីពរបស់ខ្លួនបន្តទៅមុខទៀត។

នៅក្នុងវីដេអូបទយកការណ៍ស្ដីពី កំណើនរ៉ឺម៉កនៅប្រទេសកម្ពុជាខាងក្រោម មានការបង្ហាញឱ្យដឹងថា ខណៈដែលបរិមាណប្រភេទកង់បីឥណ្ឌានៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ គេកត់សម្គាល់ឃើញថា ចំនួនរ៉ឺម៉កម៉ូតូខ្មែរក៏កាន់តែធ្លាក់ចុះ និងលែងសូវមានវត្តមាននៅលើដងផ្លូវដូចមុនផងដែរ។ ដូច្នេះវត្តមានរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មកក់សេវាធ្វើដំណើរតាមទូរស័ព្ទស្មាតហ្វូនជាច្រើន ក៏បាននិងកំពុងធ្វើឲ្យអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបតាមបែបប្រពៃណីកំពុងបាត់បង់ចំណែកទីផ្សាររបស់ខ្លួនជាបណ្ដើរៗផងដែរ។

ប៉ុន្ដែបើនិយាយមួយបែបទៀត អ្នកដែលកំពុងផ្ដល់សេវាកម្មតាមបែបប្រពៃណី ដូចជាម៉ូតូឌុប និងម៉ូតូកង់បី បើពួកគាត់អាចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ឬសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកក់សេវាធ្វើដំណើរដោយបច្ចេកវិទ្យាព័ត៌មានវិទ្យានោះ ពួកគាត់នឹងអាចរក្សាបាននូវមុខរបរនេះបានបន្តទៅថ្ងៃអនាគត។

ព្រមជាមួយគ្នានោះ បរិមាណកង់បីឥណ្ឌានៅរាជធានីភ្នំពេញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានរួមចំណែកមួយផ្នែកក្នុងការកកស្ទះចរាចរណ៍ ដោយសារតែអ្នកបើកបរមួយចំនួនមិនបានគោរពច្បាប់ត្រឹមត្រូវ។

ដូច្នេះហើយទើបកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាសាលារាជធានីភ្នំពេញ បានកំណត់ឲ្យអ្នកបើកបរម៉ូតូកង់បីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលពីច្បាប់ចរាចរណ៍ ក៏ដូចជារៀនបើកបរ ដើម្បីមានបើកបរត្រឹមត្រូវ ហើយបណ្តាក្រុមហ៊ុនទាំងអស់ ក៏បានអនុវត្តទៅតាមការណែនាំនេះ ដើម្បីធ្វើយ៉ាងណាហើយអ្នកបើកបរទាំងអស់អនុវត្តទៅតាមច្បាប់ ជៀសវាងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍ផ្សេងៗ។

បច្ចុប្បន្ន ប្រជាជនខ្មែររាប់ម៉ឺននាក់ទៅហើយ ដែលកំពុងប្រកបរបររត់ម៉ូតូកង់បីឥណ្ឌា ហើយចំណូលវិញ គឺរកបានយ៉ាងហោចប្រមាណ ៣០០-៤០០ដុល្លារ ក្នុងមួយខែៗឯណោះ។ នេះបើយោងតាមទិន្នន័យរបស់ Bajaj Pulsar Cambodia ដែលជាក្រុមហ៊ុនចែកចាយម៉ូតូកង់របស់ឥណ្ឌាក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ កំណើននៃម៉ូតូម៉កកង់បីឥណ្ឌានេះកើតមានឡើង ក៏ជាការរួមចំណែកក្នុងការបម្រើសេវាកម្មជូនដល់អ្នកធ្វើដំណើរបានលឿនរហ័សទាន់ចិត្ត ស្របទៅតាមភាពជឿនលឿននៃប្រទេសជាតិ ជាពិសេសស្របពេលដែលប្រទេសកម្ពុជា កំពុងតែមានការអភិវឌ្ឍរីកចម្រើនចម្រើនជាបន្តបន្ទាប់នោះផងដែរ៕